តាមអ្នក

 

គោលការណ៍នៃការប្រើប្រាស់

ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ តាមអ្នក

លក្ខខណ្ឌទាំងនេះ គឺជាច្បាប់នៃការប្រើប្រាស់ តាមអ្នក ក៏ដូចជាការផ្តល់ព័ត៌មានអំពីសេវាកម្ម តាមអ្នក ដែលមានចែងនៅខាងក្រោមនេះ។ នៅពេលអ្នកបង្កើតគណនី តាមអ្នក ឬផ្តើមប្រើប្រាស់ តាមអ្នក មានន័យថាអ្នកយល់ស្របទៅនឹងលក្ខខណ្ឌទាំងនេះហើយ។

សេវាកម្មផ្តល់ជូនដោយ តាមអ្នក

ក្រុមការងាររបស់យើងនឹងផ្តល់ជូនអ្នកទាំងអស់គ្នានូវសេវាកម្មរបស់ តាមអ្នក ដែលក្នុងនោះមានដូចជា ផលិតផលរបស់ តាមអ្នក, មុខងារមានប្រយោជន៍ជាច្រើន, កម្មវិធីប្រើប្រាស់ដោយឥតគិតថ្លៃ, គោលដៅ នៃបច្ចេកវិទ្យាការអភិវឌ្ឍន៍ ជីវិត ទំនាក់ទំនង និងនាំអ្នកទាំងអស់គ្នា ទទួលបាននូវរាល់ព័ត៌មានទាន់ហេតុការណ៍ទាក់ទងនឹងបច្ចេកវិទ្យា ការកម្សាន្ត ចំណេះដឹង និងវីដេអូថ្មីៗ។ អ្វីដែលពិសេសនោះ តាមអ្នក ជា កម្មវិធីបណ្តាញសង្គមរបស់ខ្មែរ ដែលនឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងទីកន្លែងថ្មី មុខមាត់ថ្មី ផ្តោតលើការកម្សាន្តដ៏សម្បូរបែប និងការភ្ជាប់ទំនាក់ទំនងរវាងមិត្តភក្តិ ឬក៏អ្នកជាទីស្រលាញ់ផ្សេងៗ។

សេវាកម្មលម្អិត និងលក្ខខណ្ឌរបស់ តាមអ្នក មានដូចជា៖

- ផ្តល់បទពិសោធន៍នៃការអានព័ត៌មានទាន់ហេតុការណ៍ ជាមួយនឹងប្រធានបទទាក់ទងនឹងបច្ចេកវិទ្យានិងកម្សាន្តនានាជាច្រើនទៀត
- ទស្សនាវីដេអូ Review ថ្មីៗនានាយ៉ាងទាន់ចិត្ត តាមរយៈសារដំណឹងនៅក្នុងកម្មវិធី
- ផ្តល់ជូននូវឱកាសផ្ទាល់ខ្លួន ក្នុងការបង្កើត ការភ្ជាប់ទំនាក់ទំនង ការរុករក និងការចែករំលែក: ក្រុមការងារយើង បានបង្កើតកម្មវិធីនេះឡើងផ្អែកទៅលើបទពិសោធន៍នៃការប្រើប្រាស់របស់អ្នកទាំងអស់គ្នា ជាជំនួយក្នុងការបង្កើត ស្វែងរក ចូលរួម និងផ្តល់ឱកាសឲ្យអ្នកទាំងអស់គ្នាភ្ជាប់ទំនាក់ទំនងទៅវិញទៅមក តាមរយៈការឲ្យផ្កាយ ផ្តល់មតិ និងចែករំលែក បានកាន់តែងាយស្រួល
- បង្កើនអារម្មណ៍វិជ្ជមាន ស្ថិតនៅក្នុងបរិយាកាសថ្មី: ជាមួយ តាមអ្នក នៅទីនេះប្រធានបទភាគច្រើនយើងនិយាយពីបច្ចេកវិទ្យា ការកម្សាន្ត ចំណង់ចំណូលចិត្ត និងបទពិសោធន៍ល្អៗរបស់បុគ្គលទូទៅ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការតាមដានរាល់ប្រធានបទ ចែករំលែក អ្វីដែលអ្នកមាន ជាមួយនឹងបុគ្គលដែលអ្នកពេញចិត្តផងដែរ
- អភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗតាមដែលអាចធ្វើបាន ក្នុងការផ្តល់បទពិសោធន៍នៃការប្រើប្រាស់បានកាន់តែងាយស្រួល និងសម្បូរបែប។ ក្រៅពីវិធីសាស្រ្តក្នុងការចែករំលែកតាមរយៈអក្សរ រូបភាព និងវីដេអូហើយនោះ តាមអ្នក ក៏មានផ្តល់មុខងារ "រូបភាពសម្លេង” ដំបូងគេ ដែលអាចឲ្យរូបភាពរបស់អ្នកកាន់តែទាក់ទាញ ជាមួយនឹងសម្លេងពិតៗ ពិពណ៌នាពីរូបនោះតែម្តង ហាក់ដូចជាវាកំពុងតែកើតឡើងថ្មីៗអញ្ចឹងដែរ

បទបញ្ញត្តិសម្រាប់អ្នកប្រើប្រាស់កម្មវិធី តាមអ្នក

ទន្ទឹមនឹងការចង់ឲ្យ តាមអ្នក ទទួលបានការគាំទ្រ និងមានការប្រើប្រាស់កាន់តែទូលំទូលាយ យើងក៏ចង់ឲ្យកម្មវិធីមួយនេះ ស្របច្បាប់ និងមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់រាល់គ្នាផងដែរ។ ដូចនេះ តម្រូវឲ្យអ្នកទាំងអស់គ្នាប្តេជ្ញាចិត្ត និងអនុវត្តតាមបទបញ្ញត្តិរបស់យើងឲ្យបានត្រឹមត្រូវដូចខាងក្រោមៈ
- អ្នកប្រើប្រាស់ត្រូវមានអាយុយ៉ាងតិចបំផុត 13 ឆ្នាំ
- អ្នកប្រើប្រាស់ មិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយឡើយ
- អ្នកប្រើប្រាស់ត្រូវប្រាកដថា ព័ត៌មានដែលអ្នកបានបំពេញនៅក្នុងទម្រង់ពាក្យស្នើសុំបង្កើតគណនី គឺពិតជាព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់
- អ្នកប្រើប្រាស់មិនអាចធ្វើអ្វីមួយខុសច្បាប់ ឬក្នុងចេតនាអាក្រក់ណាមួយនៅក្នុង តាមអ្នក ឡើយ
- អ្នកប្រើប្រាស់មិនអាចប្រើ តាមអ្នក ក្នុងចេតនាគំរាម ឬញុះញង់អ្នកដទៃឲ្យប្រើអំពើហិង្សាឡើយ
- គ្រប់អ្នកប្រើប្រាស់មិនអាចប្រើ តាមអ្នក ក្នុងចេតនាទាញយកទិន្នន័យអ្នកប្រើប្រាស់ផ្សេងទៀត ដោយគ្មានការអនុញ្ញាត
- ការបង្ហោះនានាក្នុង តាមអ្នក ត្រូវបានលើកទឹកចិត្តឲ្យស្ថិតនៅក្រោមប្រធានបទ "បច្ចេកវិទ្យា កម្សាន្ត សិក្សា ចំណង់ចំណូលចិត្ត និងការចែករំលែកបទពិសោធន៍នានា”
- គួរបញ្ជាក់ផងដែរថាការបង្ហោះទាំងអស់ ដែលខុសពីប្រធានបទដូចបានកំណត់ ឬខុសពីគោលការណ៍ តាមអ្នក នឹងត្រូវលុបចោលដោយពុំចាំបាច់ជម្រាបជូនមុនឡើយ ហើយសម្រាប់គណនីដែលនៅតែប្រព្រឹត្តខុសពីបទបញ្ញត្តិរបស់យើងលើសពី ៣ ដង នឹងត្រូវលុបចេញពី តាមអ្នក ដោយស្វ័យប្រវត្តិផងដែរ

ប្រការបញ្ជាក់បន្ថែម:

- រាល់ទិន្នន័យ និងគណនីទាំងអស់របស់អ្នកប្រើប្រាស់ គឺស្ថិតនៅលើអ្នកប្រើប្រាស់ផ្ទាល់ យើងគ្មានសិទ្ធិ ក្នុងការកែសម្រួល ឬរំលោភសិទ្ធិបុគ្គលឡើយ។
- គ្រប់រូបភាព និងវីដេអូត្រូវបានលើកទឹកចិត្តជារូបភាពកែច្នៃបង្កើតឡើងដោយខ្លួនឯង និងមិនមែនក្នុងន័យទាក់ទងនឹងនយោបាយ, សិទ្ធិបុគ្គល និងក្នុងន័យមិនសមរម្យ ឬក៏អាសអាភាសជាដើម
- សូមចូលរួមរាយការណ៍ទាំងអស់គ្នាក្នុងករណីប្រទះគ្រប់រូបភាព និងវីដេអូដែលផ្ទុយពីលក្ខខណ្ឌខាងលើ
- សម្រាប់គណនីដែលប្រើប្រាស់ព័ត៌មានពិត ក៏ដូចជារូបភាពខ្លួនឯងផ្ទាល់ មានលទ្ធភាពខ្ពស់ក្នុងការ ទទួលបាន Verify Account។

បទបញ្ញត្តិសម្រាប់អ្នកប្រើប្រាស់ តាមឆាត

តាមឆាត ជាផ្លូវថ្មីនៃការប្រាស្រ័យទាក់ទងគ្នា ដែលត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធី តាមអ្នក តែម្តង បានន័យថា រាល់ពេលអ្នកទាំងអស់គ្នាដោនឡូដយក តាមអ្នក មកប្រើប្រាស់នៅលើឧបករណ៍ Android និង iOS នោះអ្នកទាំងអស់គ្នានឹងអាចប្រើប្រាស់ តាមឆាត បានផងដែរ។ ទន្ទឹមនឹងការបង្កើតមុខងារជជែកកម្សាន្តថ្មីនេះឡើងហើយ ក្រុមការងារ តាមអ្នក ក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើឯកជនភាព សុវត្ថិភាពនៃព័ត៌មាននិងទិន្នន័យរបស់អ្នកប្រើប្រាស់ដូចគ្នា។ ខាងក្រោមនេះជាបទបញ្ញត្តិមួយចំនួនដែលអ្នកប្រើប្រាស់ត្រូវតែអានឲ្យបានច្បាស់ មុននឹងប្រើប្រាស់ តាមឆាត៖
•  មាតិកា ឬខ្លឹមសារក្នុងការសន្ទនាៈ មានតែម្ចាស់គណនីផ្ទាល់និងដៃគូម្ខាងទៀតប៉ុណ្ណោះ ទើបអាចមានសិទ្ធិមើលឃើញខ្លឹមសារទាំងស្រុងនៅក្នុងការសន្ទនាណាមួយ។ រាល់ខ្លឹមសារនៃការសន្ទនារបស់អ្នកជាមួយនរណាម្នាក់នៅក្នុង តាមឆាត គឺស្ថិតនៅលើការគ្រប់គ្រង់របស់អ្នកផ្ទាល់ទាំងស្រុង ហើយក្រុមការងារ តាមអ្នក មិនមានសិទ្ធិក្នុងការចូលទៅមើលខ្លឹមសារការសន្ទនាក្នុងរូបភាពមិនសមរម្យ ឬទាញយកផលចំណេញអ្វីមួយនោះឡើយ។
•  ឯកជនភាពៈ អ្នកប្រើប្រាស់ផ្ទាល់មានសិទ្ធិក្នុងផ្អាកគណនីណាមួយដែលអ្នកគិតថាចាំបាច់ ប្រសិនបើគណនីនោះព្យាយាមផ្ញើសារបន្ត ផ្ញើអក្សរឬរូបភាពក្នុងន័យមិនសមរម្យនិងរំខាន ដូចជាប្រភេទអាសអាភាស បរិហាកេរ្តិ៍ ដៀមដាម បោកបញ្ឆោត និងខុសច្បាប់ជាដើម។ អ្វីដែលកាន់តែប្រសើរ អ្នកប្រើប្រាស់គួរតែរាយការណ៍គណនីបែបនោះផងដែរ ដើម្បីឲ្យក្រុមការងារយើងមានចំណាត់ការភ្លាមៗ និងធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់ តាមអ្នក កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
•  សុវត្ថិភាពៈ ក្រុមការងារ តាមអ្នក ព្យាយាមប្រឹងប្រែងធ្វើយ៉ាងណាឲ្យគណនីរបស់អ្នកប្រើប្រាស់មានសុវត្ថិភាពកាន់តែប្រសើរតាមដែលអាចទៅបាន។ បន្ថែមពីនេះ ម្ចាស់គណនីផ្ទាល់ជាអ្នកទទួលខុសត្រូវលើព័ត៌មានគណនីរបស់ខ្លួន ដោយត្រូវប្រាកដថាអ្នកបានរក្សាការសម្ងាត់បានល្អ និងមិនមានបែកធ្លាយគណនីក្នុងទម្រង់ណាមួយជាដាច់ខាត។
- យើងមានសិទ្ធិក្នុងការកែសម្រួល ឬបន្ថែមចំណុចមួយចំនួនទៅក្នុងបទបញ្ញត្តិនេះក្នុងពេលណាមួយ ដើម្បីពង្រឹងសុវត្ថិភាព ភាពត្រឹមត្រូវ និងស្របច្បាប់។ ប៉ុន្តែមុននឹងចាប់ផ្តើមកំណែប្រែ ឬអនុវត្តបទបញ្ញត្តិថ្មីទាំងនោះ យើងនឹងធ្វើការជូនដំណឹងដល់អ្នកទាំងអស់គ្នាជាមុន។ ជាចុងក្រោយ សូមអរគុណសម្រាប់ការប្រើ តាមអ្នក ស្វាគមន៍មកកាន់បរិយាកាសថ្មី សម្រាប់យើងទាំងអស់គ្នា!

លក្ខខណ្ឌនិងគោលការណ៍ តាមហាង

តើអ្វីជា តាមហាង?

         យើងជឿជាក់យ៉ាងមុតមាំថា អ្នកទាំងអស់ប្រាកដជាបានស្គាល់និងប្រើប្រាស់កម្មវិធី តាមអ្នក រួចមកហើយ។ ចុះ តាមហាង វិញជាអ្វី? មិនខុសទេ តាមហាង ជាមុខងារទិញទំនិញអនឡាញថ្មីមួយ ត្រូវបានដាក់បញ្ចូលនិងប្រើប្រាស់នៅលើ តាមអ្នក ដែលមានស្រាប់តែម្តង។ វាមានន័យថា អ្នកប្រើប្រាស់គ្រប់គ្នាមិនចាំបាច់ធ្វើការតម្លើងកម្មវិធីផ្សេងមួយទៀត ក្រៅពី តាមអ្នក នោះឡើយ។ តាមហាង នឹងផ្តល់ជូននូវបទពិសោធន៍ទិញទំនិញតាមអនឡាញថ្មី ងាយស្រួល និងអាចទុកចិត្តបាន។ នៅក្នុងនេះមានទំនិញប្រកបដោយគុណភាពល្អ និងតម្លៃសមរម្យជាច្រើនប្រភេទ ដែលត្រូវបានសម្រិតសម្រាំងឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ម្ចាស់ហាង។ ក្រុមការងារយើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងពេញចិត្តនិងទុកចិត្ត ជាមួយមុខងារថ្មីមួយនេះពី តាមអ្នក។

គណនីសម្រាប់ប្រើនៅលើ តាមហាង

          វាមិនមែនជារឿងពិបាកនោះទេ ដើម្បីបង្កើតគណនីសម្រាប់ធ្វើការបញ្ជាទិញទំនិញ ដែលអ្នកទាំងអស់គ្នាពេញចិត្ត និងចង់បានយកទៅប្រើប្រាស់។ ដោយគ្រាន់តែមានគណនី តាមអ្នក លោកអ្នកនឹងអាចធ្វើការទិញទំនិញរាប់រយពាន់មុខបានភ្លាមៗ។ គួរបញ្ជាក់ផងដែរថា បើសិនជាមិនទាន់មានគណនី តាមអ្នក នោះទេ អ្នកទាំងអស់គ្នាអាចធ្វើការបង្កើតថ្មីបាន តាមរយៈលេខទូរសព្ទក៏បាន ឬក៏អ៊ីម៉ែលក៏បាន តែត្រូវប្រាកដថាអ្នកបានអាននិងគោរពតាមគោលការណ៍នៃការបង្កើតគណនីនិងប្រើប្រាស់ តាមអ្នក ឲ្យបានល្អិតល្អន់សិន ជៀសវាងបញ្ហាផ្សេងៗកើតឡើងជាយថាហេតុ។

ប្រភេទផលិតផលនិងកម្មសិទ្ធិបញ្ញា

     3.1. ប្រភេទផលិតផល

នៅលើ តាមហាង សម្បូរទៅដោយផលិតផលជាច្រើនប្រភេទ ទៅតាមតម្រូវការរបស់អតិថិជនគ្រប់រូប។ ក្នុងនោះ មានដូចជាផលិតផលអេឡិចត្រូនិចនានាដូចជា ទូរសព្ទ ថេប្លេត កុំព្យូទ័រ កាស ដុំផ្ទុកថាមពលអគ្គសនីចល័ត និងគ្រឿងលម្អជាច្រើនទៀត ប្រកបដោយគុណភាព និងតម្លៃសមរម្យ។ រាល់គ្រប់ទំនិញ ឬក៏ប្រភេទមុខទំនិញ សុទ្ធតែត្រូវបានផ្ទៀងផ្ទាត់ តាមដាន ឬក៏ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត មុននឹងដាក់ឲ្យលក់នៅលើ តាមហាង។ យ៉ាងណាក៏ដោយ មុនរាល់ទិញទំនិញណាមួយ អតិថិជនគួរតែមើលឲ្យបានល្អិតល្អន់ ជាពិសេសទៅលើចំនួន ពណ៌ និងតម្លៃជាដើម ជៀសវាងទិញខុសពីអ្វីដែលយើងចង់បាន។

      3.2. កម្មសិទ្ធិបញ្ញា

ជាមួយនឹងទំនិញដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ យើងមានសិទ្ធិការពាររាល់ការចែកចាយទៅកម្មវិធីខាងក្រៅ ដោយមិនមានការអនុញ្ញាត។ នេះមានន័យថា ប្រសិនបើមានការចម្លង ក្លែងបន្លំ ឬក៏តាមរយៈវិធីណាមួយផ្សេងទៀត ក្រៅពី តាមហាង នោះយើងមិនទទួលខុសត្រូវជាដាច់ខាតចំពោះទំនិញទាំងនោះ។ មួយវិញទៀត រាល់សកម្មភាពខាងលើ យើងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទូទៅ ធ្វើការរាយការណ៍ដើម្បីឲ្យក្រុមការងារយើងបានដឹង ដើម្បីចាត់វិធានការនានាទៅតាមផ្លូវច្បាប់។

ការបញ្ជាទិញ

     4.1. ព័ត៌មានគណនី

           ដូចបានបញ្ជាក់ពីខាងដើម អ្វីដែលចាំបាច់បំផុតមុននឹងធ្វើការបញ្ជាទិញទៅលើទំនិញណាមួយ អ្នកត្រូវប្រាកដថាព័ត៌មានដែលអ្នកបានផ្តល់ឲ្យត្រូវតែច្បាស់លាស់ និងអាចយកជាការបាន។ ក្រុមការងារយើងនឹងធ្វើការបញ្ជាក់ពីទីតាំងសម្រាប់ទទួលទំនិញ និងលេខទូរសព្ទសម្រាប់ធ្វើការទំនាក់ទំនង ដើម្បីធ្វើឲ្យការទទួលឥវ៉ាន់កាន់តែងាយស្រួល។ អ្នកអាចធ្វើការកំណត់ទីកន្លែងសម្រាប់ទទួលទំនិញ ទៅតាមកាលៈទេសៈជាក់ស្តែង ដែលអ្នកអាចផ្លាស់ប្តូរបានខុសៗគ្នា សម្រាប់ការបញ្ជាទិញនីមួយៗ។

      4.2. ស្ថានភាពនៃការបញ្ជាទិញ

              មុននឹងសម្រេចចិត្តបញ្ជាទិញទំនិញនៅលើ តាមហាង ព័ត៌មានគណនីរបស់អ្នកដាច់ខាតត្រូវតែផ្តល់ឲ្យយើង ដើម្បីងាយស្រួលដល់ការដឹកជញ្ជូនទៅតាមអាសយដ្ឋានរបស់អ្នក។ បន្ទាប់ពីបានបំពេញរួចរាល់ទៅតាមលក្ខខណ្ឌហើយ អ្នកអាចធ្វើការបញ្ជាទិញបាន និងធ្វើការបង់ប្រាក់ (លម្អិតបន្ថែមពីជម្រើសទូទាត់ប្រាក់មាននៅខាងក្រោម) រួចត្រូវធ្វើការរង់ចាំការឆ្លើយតបពីហាងលក់ទំនិញសិន។ ទៅលើស្ថានភាពនៃការបញ្ជាទិញ ម្ចាស់ហាងមានសិទ្ធិទទួលការបញ្ជាទិញ ឬបដិសេដការបញ្ជាទិញរបស់អ្នក ទៅតាមហេតុផលជាក់ស្តែងរបស់ហាង។ យ៉ាងណាក៏ដោយ បើសិនជាអ្នកចង់ប្តូរចិត្តលុបចោលការបញ្ជាទិញ អ្នកអាចធ្វើបានក្នុងករណីហាងមិនទាន់ទទួលការបញ្ជាទិញ ឬការបញ្ជាទិញត្រូវបានបដិសេធពីហាង។ ក្នុងករណីម្ចាស់ហាងបានទទួលការបញ្ជាទិញហើយ អ្នកមិនអាចធ្វើការលុបចោលការបញ្ជាទិញឡើយ លើកលែងតែករណីណាមួយដែលកើតឡើងជាយថាហេតុដែលតម្រូវឲ្យអ្នកធ្វើការរាយការណ៍ឬក៏ទាក់ទងមកកាន់ តាមអ្នក ដោយផ្ទាល់។ ទៅលើស្ថានភាពនៃការបញ្ជាទិញរបស់អ្នក មានតាមដំណាក់កាលដូចខាងក្រោម ឬអាចមើលលម្អិតក្នុងបញ្ជីកុម៉្មង់របស់អ្នកក៏បាន៖

                 - ការបញ្ជាទិញត្រូវបានទទួល ឬក៏បដិសេធ

                 - បើសិនជាទទួល វានឹងដល់ដំណាក់កាលកំពុងដឹកជញ្ជូន

                 - បន្ទាប់ពីកំពុងដឹកជញ្ជូន ទំនិញនឹងទៅដល់អាសយដ្ឋានរបស់អ្នក រួចក្រុមការងារដឹកជញ្ជូននឹងធ្វើការទាក់ទងទៅអ្នកដើម្បីមកទទួលទំនិញដើម្បីបញ្ចប់ការបញ្ជាទិញទៅលើស្ថានភាពនៃការបញ្ជាទិញនីមួយៗ អ្នកនឹងទទួលបានដំណឹងភ្លាមៗ ដោយធានាមិនឲ្យខកខាន ឬក៏មានភាពស្រពិចស្រពិលទៅលើការបញ្ជាទិញរបស់អ្នកឡើយ ។

បន្ទាប់ពីទទួលបានទំនិញហើយ អ្នកអាចធ្វើការពិនិត្យមើលទៅលើទំនិញឲ្យបានល្អិតល្អន់បំផុត ដើម្បីធានាថាវាមិនមានបាក់បែក ប្រើការមិនបាន ឬក៏ខុសពីអ្វីដែលអ្នកបានបញ្ជាទិញជាដើម។ បើសិនជាបញ្ហាទាំងនេះបានកើតឡើង អ្នកមានសិទ្ធិក្នុងការរាយការណ៍ដើម្បីទទួលបានទំនិញថ្មីដែលអ្នកពេញចិត្ត តែបើក្នុងករណីណាមួយដែលតម្រូវឲ្យមានការបង្វិលសងប្រាក់វិញនោះ (ករណីបង់លុយហើយ) អ្នកក៏ទទួលបានសិទ្ធិនេះដូចគ្នា គ្រាន់តែត្រូវធ្វើតាមលក្ខខណ្ឌលម្អិតជាក់ស្តែងផ្ទាល់។

គួរបញ្ជាក់ឲ្យច្បាស់ផងដែរថា បើសិនក្រុមការងារយើងមានការសង្ស័យ ឬក៏ឃើញអាកប្បកិរិយាក្នុងន័យក្លែងបន្លំ ឬសកម្មភាពផ្សេងៗទៀតដែលប្រឆាំងឬខុសពីគោលការណ៍របស់ តាមអ្នក យើងមានសិទ្ធិក្នុងការលុបចោលការបញ្ជាទិញ ផ្អាកគណនីជាបណ្តោះអាសន្ន ឬក៏បិទគណនីចោលតែម្តងក្នុងស្ថានភាពធ្ងន់ធ្ងរ។

បន្ថែមពីនេះ អ្នកទិញទំនិញគ្រប់រូបកុំភ្លេចចូលរួមធ្វើការវាយតម្លៃទៅលើផលិតផលអ្នកបានទិញ ឬក៏ហាងដែលអ្នកបានទិញទំនិញពីទីនោះ ដើម្បីធ្វើឲ្យបទពិសោធន៍ទិញទំនិញលើ តាមហាង កាន់តែប្រសើរទ្វេដង និងប្រកបដោយទំនុកចិត្ត។

តម្លៃផលិតផល និងជម្រើសបង់ប្រាក់

     5.1. តម្លៃផលិតផល

           ផលិតផលទាំងអស់នៅលើ តាមហាង សុទ្ធតែត្រូវបានបញ្ជាក់ច្បាស់លាស់ពីតម្លៃធម្មតា ឬតម្លៃបញ្ចុះពិសេស។ អ្នកប្រើប្រាស់អាចធ្វើការពិចារណាបាន ទៅលើតម្លៃទាំងនេះមុននឹងសម្រេចចិត្តទិញ ឬក៏ដាក់ចូលកន្រ្តក ហើយតម្លៃនេះក៏អាចប្រែប្រួលមិនទៀតទាត់ឡើយ ទៅតាមប្រូម៉ូសិនរបស់ហាងជាក់ស្តែង។

      5.2. ជម្រើសទូទាត់ប្រាក់

            នៅលើ តាមហាង អតិថិជនមានជម្រើសទូទាត់ប្រាក់សម្រាប់ការបញ្ជាទិញរបស់ខ្លួនបានពីររបៀប ដោយទី 1 ជាការទូទាត់តាមរយៈអនឡាញ ដោយអ្នកប្រើប្រាស់អាចធ្វើការបង់តាមធនាគារ ABA បាន។ វាងាយស្រួល រហ័ស ជាពិសេសអតិថិជននឹងទទួលបានវិក្កយបត្របញ្ជាក់ពីទំនិញដែលយើងបានទិញលម្អិតជាមួយតម្លៃជាក់លាក់ តាមរយៈសារអេឡិចត្រូនិច (ករណីអ្នកបង្កើតគណនី តាមអ្នក ជាមួយអ៊ីម៉ែល) ឬក៏អាចមើលក្នុងប្រវត្តិនៃការបញ្ជាទិញបាន។ ជម្រើសទី 2 ជាការបង់ប្រាក់ពេលអ្នកទទួលទំនិញ វិធីនេះនៅពេលអ្នកដឹកជញ្ជូនបានយកឥវ៉ាន់ទៅដល់ អ្នកអាចធ្វើការទូទាត់ជាលុយសុទ្ធឲ្យអ្នកដឹកជញ្ជូនបាន។ យើងសូមបញ្ជាក់ឲ្យបានច្បាស់ថា វិធីទូទាត់ប្រាក់ពេលទំនិញទៅដល់នេះ អ្នកទាំងអស់គ្នាអាចប្រើប្រាស់បានក្នុងករណីការបញ្ជាទិញមានតម្លៃមិនលើសពី 100 ដុល្លារប៉ុណ្ណោះ។

ជម្រើសនៃការទទួលផលិតផល

     6.1. សេវាកម្មដឹកជញ្ជូន

            តាមហាង មានជម្រើសដឹកជញ្ជូនដ៏ងាយស្រួលសម្រាប់អតិថិជនដូចគ្នា ល្អសម្រាប់អ្នកមិនសូវមានពេលមកយកដោយខ្លួនឯង។ ក្រុមការងារយើងនឹងធ្វើការដឹកជញ្ជូនឲ្យបានលឿនទាន់ចិត្តជូនអតិថិជន ជាមួយតម្លៃសមរម្យទៅតាមទីតាំងរបស់អ្នកជាក់ស្តែងផងដែរ។ ក្នុងករណីការដឹកជញ្ជូនយឺតយ៉ាវខុសពីធម្មតា អ្នកទាំងគ្នាក៏អាចធ្វើរាយការណ៍បានដែរ ដើម្បីឲ្យក្រុមការងារយើងធ្វើការដោះស្រាយជូន។

     6.2. យកទំនិញខ្លួនឯងនៅហាង

            បើសិនជាអ្នកមានពេលវេលាគ្រប់គ្រាន់ ឬក៏ចង់មកយកដោយខ្លួនឯង តាមហាង នៅតែមានជម្រើសសម្រាប់អ្នកដូចគ្នា។ ក្រៅពីជម្រើសដឹកជញ្ជូនដល់ផ្ទះហើយ យើងក៏បន្ថែមជម្រើសមកយកឥវ៉ាន់ដោយផ្ទាល់នៅហាងដែរ ដោយអ្នកមិនត្រូវចំណាយអ្វីបន្ថែមទៀតនោះឡើយ។

ប្រូម៉ូសិនបញ្ចុះតម្លៃ និងប័ណ្ណបញ្ចុះតម្លៃនានា

     7.1. ប្រូម៉ូសិនបញ្ចុះតម្លៃ

            ដូចបានបញ្ជាក់ពីខាងលើ ការបញ្ចុះតម្លៃវាអាស្រ័យទៅលើហាងលក់ផលិតផលនីមួយៗ ដោយក្រុមការងារ តាមអ្នក មិនមានសិទ្ធិក្នុងការបញ្ចុះឬគ្រប់គ្រងបានឡើយ។ សម្រាប់អតិថិជនអាចធ្វើការពិចារណាបាន ថាតើវាជាការផ្តល់ជូនដ៏ល្អសម្រាប់អ្នកឬក៏អត់។ បន្ថែមពីនេះ តាមហាង ក៏មានប្រូម៉ូសិនពិសេសទៅតាមរដូវកាល ឬក៏ដើម្បីអបអរបុណ្យជាតិ ឬអន្តរជាតិនានាផងដែរ ដែលនឹងមានការបញ្ចុះតម្លៃកាន់តែពិសេស ឬក៏មានការថែមជូនផ្សេងៗទៀតផង ទៅតាមកម្មវិធីនីមួយៗ ជាមួយរយៈពេលមានកំណត់។ ដូចនេះអ្នកទាំងអស់គ្នាអាចធ្វើការរង់ចាំដោយក្តីរីករាយបាន។

      7.2. ប័ណ្ណបញ្ចុះតម្លៃ

             ដើម្បីជាការលើកទឹកចិត្ត និងជារង្វាន់សម្រាប់អតិថិជនថ្មី រាល់ពេលធ្វើការទិញទំនិញជាលើកដំបូង អ្នកនឹងទទួលបានប័ណ្ណបញ្ចុះតម្លៃភ្លាមៗសម្រាប់ប្រើក្នុងការទិញទំនិញពី តាមហាង តែត្រូវអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើ ដែលអ្នកអាចអានបន្ថែមបាននៅពេលទទួលបានប័ណ្ណបញ្ចុះតម្លៃនោះ។ បន្ថែមពីនេះ ដើម្បីទទួលបានប័ណ្ណបញ្ចុះតម្លៃងាយៗទៀតនោះ អ្នកគ្រាន់តែណែនាំមិត្តភក្តិ ក្រុមគ្រួសារណាក៏បាន មកឲ្យបង្កើតគណនី តាមអ្នក និងធ្វើការទិញទំនិញពី តាមហាង។ នៅពេលម្នាក់ទៀតនោះអាចទិញទំនិញបានដោយជោគជ័យហើយ អ្នកនឹងនឹងទទួលបានរង្វាន់ជាប័ណ្ណបញ្ចុះតម្លៃភ្លាមៗផងដែរ។

ធ្វើនៅភ្នំពេញ, 26 កញ្ញា 2020.